អ្នកចាក់សាំងមិនយកលុយក្រដាសប្រាក់១០០រៀល ថៅកែចេញមុខបំភ្លឺឲ្យមហាជនយល់ច្បាស់

113

ភ្នំពេញ៖ លោកអូន ធូ អ្នកគ្រប់គ្រងហ្គារ៉ាស់សាំង LHR ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញមុខបំភ្លឺចំពោះរឿងដែលមានការចោទប្រកាន់ថា ហ្គារ៉ាស់សាំងរបស់លោកមិនទទួលយកលុយខ្មែរក្រដាស១០០រៀល ពីអតិថិជន រហូតដល់មានការបូមប្រេងសាំងពីម៉ូតូវិញដោយសារភ្ញៀវឲ្យលុយខ្មែរនោះ។

លោកអូន ធូ អ្នកគ្រប់គ្រងហ្គារ៉ាស់សាំង LHR

លោកធូ បានឲ្យដឹងថា លោកគ្រប់គ្រងនៅហ្គារ៉ាស់សាំងមួយនេះ ច្រើនឆ្នាំមកហើយ មិនដែលមានគំនិតមិនឲ្យតម្លៃចំពោះរូបិយវត្ថុជាតិបែបនេះឡើយ គឺតែងតែទទួលយកជានិច្ចនូវក្រដាសប្រាក់ខ្មែរគ្រប់ប្រភេទទាំងអស់។

លោកបន្តថា ប៉ុន្ដែរឿងដែលកើតឡើងម្សិលមិញ (31តុលា) ដោយសារតែអតិថិជនម្នាក់ជិះរុឺម៉កកង់បីបានមកចាក់សាំងធម្មតា៣លីត្រ ហើយឲ្យសុទ្ធតែក្រដាសប្រាក់១០០រៀលសុទ្ធតែម្ដង គឺ៩៨០០រៀល ដែលគិតតម្លៃ៣លីត្រអស់៩៩០០រៀល តែគាត់ឲខ្វះ១០០រៀល។

លោកបន្តទៀតថា លោកបានប្រាប់ទៅអតិថិជននោះថា ខ្វះ១០០រៀលទៀត គាត់ក៏យកលុយទៅរាប់វិញ ហើយថា មិនមែនលុយគាត់ខ្វះទេ គឺលើស។ គាត់មិនព្រមឲ្យលុយបង្រ្គប់ទេ ហើយនិយាយមិនសមរម្យទៀត ទើបខ្ញុំសម្រេចចិត្តបូមសាំងចេញវិញ។

លោកធូ បញ្ជាក់ថា ជាធម្មតាអតិថិជនជាច្រើននាក់ហើយដែលខ្វះលុយ ប៉ុន្តែបើគាត់ប្រាប់ថាខ្វះ ខ្ញុំតែងឲ្យទៅ គឺមិនដែលទារអ្វីឡើយ។ ប៉ុន្ដែអតិថិជនម្នាក់នេះគាត់នៅតែប្រកែកថាលុយគាត់លើស មិនទទួលស្គាល់ការពិត ថែមទាំងចោទថា ហ្គារ៉ាស់ខ្ញុំមិនយកលុយ១០០រៀលបង្ហោះពេញហ្វេសបុកទៀត ទើបខ្ញុំត្រូវតែចេញមុខបកស្រាយនៅពេលនេះតាម”នគរធំ”៕ ប្រភព៖ នគរធំ