ច្បាស់ហើយ!! មូលហេតុដែលប្អូនស្រីម្ចាស់ពានស្បែកជើងមាស ទទួលបានប្រាក់លើកទឹកចិត្តត្រឹម ១០០,០០០៛

122

​ក្រុមកីឡាការនីមកពីខេត្តស្វាយរៀង ដែលទទួលបានជ័យលាភីជើងឯក​ ក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ ២០១៩ បានទទួលប្រាប់រង្វាន់ ៥ លានរៀល ខណៈដែលកីឡាការិនីដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេ និង កីឡាការិនីអ្នកចាំទីល្អជាងគេ ទទួលបានប្រាក់លើកទឹកចិត្តម្នាក់ ១០ ម៉ឺនរៀល ។

ចំពោះមូលហេតុនៃការដាក់ប្រាក់រង្វាន់ក្នុងចំនួនដ៏តិចតួចបែបនេះ ត្រូវបានមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា យោងតាមស្មារតីកីឡាករបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ការប្រកួតកម្រិតយុវជន គឺគេផ្តោតទៅលើការពង្រឹងនូវសមត្ថភាព ក៏ដូចជាបច្ចេកទេសទៅដល់កីឡាករ ដោយមិនចង់ឱ្យក្រុមនីមួយៗគិតតែទៅលើប្រាក់រង្វាន់តែមួយមុខឡើយ ។

ការពិតជាក់ស្តែងក្នុងការប្រកួតបាល់ទាត់ដែលស្ថិតក្រោមគម្រោងជំនួយពី FIFA គឺភាគច្រើនមិនមានប្រាក់រង្វាន់ច្រើនឡើយដោយ FIFA ផ្តោតតែទៅលើការរៀបចំឱ្យបានល្អ​ ឬគុណភាពនៃការប្រកួតតែប៉ុណ្ណោះ ។

លោកបានបន្ថែមថាមិនមែនតែពានកម្រិតយុវជននៅកម្ពុជាទេ សូម្បីតែពាន AFF U16, AFF 19, AFF U22 ឬ កីឡាស៊ីហ្គេមក៏ដោយគឺសុទ្ធតែមិនមានប្រាក់រង្វាន់ឡើយ ដោយក្រុមដែលឈ្នះទទួលបានត្រឹមពាន និង មេដាយតែប៉ុណ្ណោះ ។ នេះមិនមែនមានន័យថាត្រូវតែដាក់រង្វាន់តិចនោះទេ គឺដោយសារតែពាននេះមិនសូវមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមហ៊ុនឯកជននានា ដែលធ្វើឱ្យថរិការចំណាយនៅមានកម្រិត ។

ជាចុងក្រោយលោកបានអំពាវនាវដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា មេត្តាស្វែងយល់អំពីកីឡានេះឱ្យបានកាន់តែច្បាស់ដើម្បីឱ្យវិស័យនេះ កាន់តែរីកចម្រើនបន្ថែមទៀត ៕